អេស៊ីលីដា ប្រូភើធី អិលធីឌី

ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពេញលេញ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងត្រូវ​បាន​បង្កើត​ឡើង​តាម​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ប្រតិបត្តិការ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​នៅ​ប្រទេស​ដទៃ​ទៀត​ដោយ​ចំពោះ ឬ​មិន​ចំពោះ ដូច​តទៅ ៖

មូលធន​សរុប​គ្រាដំបូង​របស់ អេស៊ីលីដា ប្រូភើធី ដែល​ត្រូវចុះបញ្ជី​មាន​ចំនួន ២០.០០០.០០០ រៀល (ម្ភៃលាន​រៀល​គត់) ចែកជា ៥.០០០ (ប្រាំពាន់) ភាគហ៊ុន តម្លៃ​នៃ​ភាគហ៊ុន​នីមួយៗ គឺ​ស្មើនឹង ៤.០០០ រៀល (បួនពាន់​រៀលគត់) ។

ភាគហ៊ុន​នីមួយៗ មាន​សំឡេង​ឆ្នោត​មួយ (០១) សំឡេង ហើយ​នឹងបាន​ទទួល​ភាគលាភ និង​រាល់​ការបែងចែក​ផ្សេងៗ​ទៀត​របស់​អេស៊ីលីដា ប្រូភើធី ស្មើភាព​គ្នា ។ ការបែងចែក​នៃ​ភាគហ៊ុន មិនត្រូវ​បោះផ្សាយ​ទេ ។

ភាគទុនិក

នាម អាសយដ្ឋាន និង​កម្ម​សិទ្ធិ​នៃ​ភាគហ៊ុន​របស់ អេស៊ីលីដា ប្រូភើធី អិលធីឌី គឺ ៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មានកម្រិត ត្រូវបាន​បង្កើត និង​ចុះបញ្ជី ក្រោមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការិយាល័យ​ចុះបញ្ជី​អគារលេខ ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា និងជា​ធនាគារ​ពាណិជ្ជ ដែល​បានទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ ហើយមាន​តំណាង​ស្របច្បាប់​ដោយ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែមិថុនា ឆ្នាំ១៩៦០ ។ លោកបណិ្ឌត​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជា​សហស្ថាបនិក​របស់​អេស៊ីលីដា តាំង​ពីខែ​មករា ឆ្នាំ១៩៩៣ ។ ក្នុង​តួនាទី​ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី លោក​បណ្ឌិត​ជា​អ្នកដឹក​នាំគណៈកម្មាធិការ​ប្រតិបត្តិ ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រួម និង​ដំណើរ​ការងារ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ ព្រម​ទាំង​ប្រតិបត្តិ​ផែនការ​អាជីវកម្ម ។ លោកបណ្ឌិត​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល ។

ទំនួល​ខុស​ត្រូវ​ផ្សេងទៀត​របស់​លោក​បណ្ឌិត រួម​មាន ៖ ជាប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ ព្រមទាំង​ជា​តំណាង​ភាគទុនិក ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ី​លីដា ត្រេននីង សេនធ័រ, និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ ក្រៅ​ពីមុខ​ងារ និង​តួនាទីនៅធនាគារ​អេស៊ីលីដា លោក​បណ្ឌិត​គឺ​ជា​ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា (ABC), សមាជិក​គណៈកម្មាធិការ​ឥណទាន​សម្រាប់អភិវឌ្ឍន៍ជន​បទ (CCRD), និង​សមាជិក​អនុគណៈកម្មាធិការ​រាជរដ្ឋាភិបាល​សម្រាប់​អភិបាលកិច្ច​សាជីវកម្ម ។

លោក​បាន​បញ្ចប់ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់វគ្គសិក្សា​ស្តីពី អភិបាល​ក្រុម​ហ៊ុន ពីវិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់អភិបាល​ក្រុម​ហ៊ុន (GAICD) ។

ក្រុមប្រឹក្សាភិបាល

លោក ព្រំ វិសុទ្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល

ជនជាតិ​ខ្មែរ កើត​នៅ​ថ្ងៃ​ទី១១ ខែមករា ឆ្នាំ១៩៧៥ ។ លោក​ទទួល​បាន​អនុបណ្ឌិត​គ្រប់​គ្រង​អាជីវកម្ម ជំនាញ​ហិរញ្ញវត្ថុ ពី​សាកល​វិទ្យាល័យ Charles Sturt ប្រទេស​អូស្ត្រាលី ។ លោក​បាន​បម្រើការ​នៅ​ធនាគារ អេស៊ីលីដា ចាប់​តាំង​ពី​ខែមិថុនា ឆ្នាំ១៩៩៨ ក្នុង​មុខ​តំណែង​ជា​គណនេយ្យករ បន្ទាប់​មក​ជា​ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​ឥណទាន បន្ទាប់​មក​ទៀត​ជា​នាយក​សាខា ក្រោយ​មក​ជា​ប្រធាន​ក្រុម​កិច្ចការ​ច្បាប់​និង​លេខា​ធិការ​ក្រុមហ៊ុន ក្រោយ​មក​ទៀត​ជា​នាយក​ប្រតិបត្តិ​នីតិកម្ម​និង​លេខា​ធិការ​ក្រុមហ៊ុន និង​តំណែង​ចុង​ក្រោយ​ជា​អនុ​ប្រធាន​នាយក​ប្រតិបតិ្ត និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន ។ ការ​ទទួល​ខុស​ផ្សេងៗ​ទៀត​ក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ លោក​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា និង​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង​ជា​អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ផង​ដែរ ។ លោក​ត្រូវ​បាន​តែង​តាំង​ជា អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ពី​ថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោក​ លី​ ថៃ​ អភិបាល

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែតុលា ឆ្នាំ១៩៧៥ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា​ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ១៩៩៧ ។ ក្នុង​មុខ​តំណែង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច លោក​ក៏​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ធនាគារ ។ លោក​ទទួល​បន្ទុក​គ្រប់​គ្រង​នាយកដ្ឋាន​ធនធាន​មនុស្ស, នាយកដ្ឋាន​រដ្ឋបាល, និង​ការិយាល័យ​គ្រប់គ្រង​ប្រព័ន្ធ SWIFT ។ លោក​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

លោក លី ថៃ បាន​ចូល​បម្រើការ​ជា​មួយ​អេស៊ីលីដា​ក្នុង​តួនាទី​ជា ៖ គណនេយ្យករ (១៩៩៧-១៩៩៩); សវនករ​ផ្ទៃ​ក្នុង (១៩៩៩-២០០០); បេឡាធិការ, នាយក​សាខា, នាយក​ការិយាល័យ​ប្រតិបត្តិការ (២០០០-២០០៤); នាយកនាយកដ្ឋាន​ប្រតិបត្តិការ (២០០៤-២០០៦); និង​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ (២០០៦-២០១៦) ។

លោក​បាន​ទទួល​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ជំនាញ​ហិរញ្ញវត្ថុ ពី​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ ក្នុង​ឆ្នាំ២០០៨ ។

អ្នកស្រី ម៉េង ម៉ារីយ៉ាន អភិបាល

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែមករា ឆ្នាំ១៩៧៦ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ១៩៩៧ ។ លោកស្រី​មាន​មុខ​តំណែង​ជា​នាយិការ​ប្រតិបត្តិ​ហិរញ្ញវត្ថុ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី លោក​ស្រី​ក៏​ជា​សមាជិកា​គណៈ​កម្មាធិការ​គ្រប់គ្រង​ទ្រព្យ​សកម្ម​និង​អកម្ម ទទួល​បន្ទុក​រៀបចំ​ផែនការ ចាត់​ចែង ដឹកនាំ និង​ត្រួត​ពិនិត្យ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ធនាគារ​អេស៊ីលីដា ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​ល្អ​ប្រសើរ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​ស្រី​ជា​សមាជិកា​គណៈកម្មាធិការ Implementation & Conversion of IFRS និង​ជា​សមាជិកា​គណៈ​កម្មការ​ធ្វើ​ទំនើប​កម្ម​ស្វ័យ​ប្រវត្ដិ ។

លោកស្រី​បាន​ទទួល​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ផ្នែក​គ្រប់​គ្រង​អាជីវកម្ម ជំនាញ​ហិរញ្ញវត្ថុ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្នុង​រាជធានី​ភ្នំពេញ ឆ្នាំ២០០៦ និង​ទទួល​បាន​បរិញ្ញាបត្រ​ជំនាញ​ទីផ្សារ ពី​មហាវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​ក្នុង​ឆ្នាំ១៩៩៧ ។